ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
វត្តមាន មេរោគបំប្លែងថ្មី Omicron ត្រូវបានរកឃើញនៅក្នុងប្រទេសមួយចំនួនទៀត
Mon,29 November 2021 (Time 12:07 PM)
ដោយ ៖ (ចំនួនអ្នកអាន: 500នាក់)

បរទេស ៖ វីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅត្រូវបានរកឃើញ នៅក្នុងប្រទេសមួយចំនួទៀតមាន ៖ ហូឡង់ ដាណឺម៉ាក និងអូស្ត្រាលី ខណៈដែលប្រទេសជាច្រើនទៀត ក៏បានដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៅក្នុងប្រទេសរបស់ពួកគេផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១។

ការរកឃើញករណីឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron បានបង្កឱ្យមានការភ្ញាក់ផ្អើលជាសកល ហើយរដ្ឋាភិបាលជុំវិញពិភពលោក បានព្យាយាមដាក់កំហិតលើការធ្វើដំណើរសាជាថ្មី ដោយបារម្ភថា វីរុសនេះអាចធ្វើឱ្យប៉ះពាល់ដល់ប្រសិទ្ធភាពវ៉ាក់សាំង និងរំខានដល់ការបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺឆ្លងរាតត្បាតសកលរយៈពេល ០២ឆ្នាំ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន WHO ក៏បាននិយាយថា ខ្លួនកំពុងធ្វើការរួមគ្នាជាមួយអ្នកជំនាញបច្ចេកទេស ដើម្បីស្វែងយល់ពី ផលប៉ះពាល់នៃវីរុសនេះ ទៅលើវិធានការទប់ស្កាត់ដែលមានស្រាប់ ប្រឆាំងនឹង COVID-19 រួមទាំងការចាក់វ៉ាក់សាំងផងដែរ។

អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ខ្លួនមិនទាន់ច្បាស់ទេថា តើវីរុស COVID-19 បំប្លែងថ្មី Omicron ដែលត្រូវបានរកឃើញជាលើកដំបូង នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង អាចមានសមត្ថភាពចម្លងលឿនរហ័ស ជាងវីរុសប្រភេទផ្សេងទៀត ឬអាចបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរជាងដែរ ឬមួយក៏យ៉ាងណានោះទេ។ ការស្វែងយល់ពីកម្រិតនៃភាពធ្ងន់ធ្ងររបស់វីរុស COVID-19 បំប្លែងថ្មី Omicron នឹងចំណាយពេលច្រើនថ្ងៃ ឬច្រើនសប្តាហ៍ទៀតឯណោះ។

ជុំវិញការរកឃើញនូវវត្តមាន វីរុស COVID-19 បំប្លែងថ្មី Omicron នេះផងដែរ រដ្ឋាភិបាលអាហ្វ្រិកខាងត្បូងវិញ កាលពីថ្ងៃអាទិត្យម្សិលមិញបានរិះគន់បណ្តាប្រទេសអ្នកមាន ដែលបានសម្រេចហាមឃាត់ការធ្វើដំណើរ រវាងប្រទេសមួយនេះយ៉ាងឆាប់រហ័ស៕