ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អភិបាលរាជធានីភ្នំពេញ ថ្វាយសារចូលរួមរំលែកទុក្ខចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ
Mon,29 November 2021 (Time 01:49 PM)
ដោយ ៖ (ចំនួនអ្នកអាន: 488នាក់)

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានថ្វាយសារលិខិតចូលរួមរំលែកទុក្ខទូលថ្វាយព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ម៉ារី រណឫទ្ធិ និងព្រះរាជបុត្រាបុត្រីព្រះអង្គម្ចាស់ក្សត្រិយ៍ ចំពោះការយាងសោយព្រះទិវង្គតរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៉ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

យោងតាមសារលិខិតរំលែកទុក្ខរបស់លោក ឃួង ស្រេង បានបញ្ជាក់ថា «ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាមានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមាដោយបានទទួលដំណឹងថាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច និងជាព្រះប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទ្រង់សោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ»។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាសូមចូលរួមរំលែកព្រះមរណទុក្ខជាមួយព្រះអង្គម្ចាស់ក្សត្រិយ៍ជាព្រះជាយា និងព្រះរាជបុត្រាបុត្រី ព្រមទាំងរាជវង្សានុវង្ស ប្រកបដោយអនិច្ចលក្ខណធម៌សង្វេគសោកស្តាយស្រណោះអាឡោះអាល័យស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គឺជាការបាត់បង់ព្រះរាជឥស្សរជនក្នុងព្រះរាជវង្សដ៏ល្អឆ្នើមមួយព្រះអង្គ ដែលទ្រង់ពេញព្រះហឫទ័យស្នេហាជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយឆន្ទៈមនសិការមោះមុត និងវាងវៃជាអតិបរមា។

ក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ បានលំឱនកាយវាចាចិត្តឧទ្ទិសបួងសួងយាងដួងព្រះវិញ្ញាណក្ខន្ធសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សូមព្រះអង្គយាងសោយសុខក្នុងព្រះសុគតិភពគ្រប់ៗព្រះជាតិកុំបីឃ្លៀងឃ្លាតឡើយ។

សូមព្រះអង្គម្ចាស់ក្សត្រិយ៍ និងព្រះរាជបុត្រគ្រប់ព្រះអង្គទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់បំផុតអំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា។ នេះបើតាមសារលិខិតរំលែកទុក្ខរបស់រដ្ឋបាលរាជធានីភ្នំពេញ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានយាងសោយព្រះទិវង្គតនៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៩៖៤០ព្រឹក ម៉ោងនៅប្រទេសបារាំង ត្រូវនឹងម៉ោងវេលា៣៖៤០នាទីរសៀល ម៉ោងនៅកម្ពុជា ក្នុងព្រះជន្មាយុ៧៧ព្រះវស្សា ដោយព្រះរោគាពាធ។ គណបក្សហ៊្វុនស៉ិនប៉ិចបានអះអាងថា ព្រះសពសម្តេចក្រុមព្រះនឹងត្រូវយាងដង្ហែមកកាន់កម្ពុជាក្នុងពេលដ៏ខ្លីខាងមុខនេះ៕

ខាងក្រោមនេះជាសារលិខិតរំលែកទុក្ខរបស់អភិបាលរាជធានីភ្នំពេញ៖