ភ្នំពេញ ៖ ក្រោយចូលជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា (PEMSEA) នៅឆ្នាំ ១៩៩៤ កម្ពុជាបានទទួលរៀបចំជាលើកទី១ នូវមហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ ២០២១ ក្រោម ប្រធានបទ«បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១-២ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ។ មហាសន្និបាតដែលមានកិច្ចប្រជុំអមជាច្រើននឹង ប្រព្រឹត្តទៅដោយមានការចូលរួមផ្ទាល់ និងការចូលរួមតាមរយៈប្រព័ន្ធបញ្ជូនសំឡេងនិងរូបភាពពីបណ្តាប្រទេសជាសមាជិកនៃអង្គការ PEMSEA។មហាសន្និបាតសមុទ្រអាស៊ីបូព៌ាឆ្នាំ២០២១ នេះដែលរួមមានកិច្ចប្រជុំនៃរដ្ឋបាលថ្នាក់ក្រោមការជាតិនៃបណ្តាខេត្តរបស់ប្រទេសសមាជិក PEMSEA សន្និសីទអន្តរជាតិ និងវេទិការរដ្ឋមន្ត្រីគឺជាមហាសន្និបាតលើកទី៧ ហើយបន្ទាប់ពីបានរៀបចំជាលើកទី១ នៅឆ្នាំ២០០៣ នៅប្រទេសម៉ាឡេស៊ី។ មហាសន្និបាតសមុទ្រអាស៊ីបូព៌ាត្រូវបានរៀបចំឡើងរៀងរាល់ ៣ ឆ្នាំមកដោយមានការចូលរួមពីប្រទេសជាសមាជិកនៃអង្គការអន្តរជាតិភាពជាដៃគូនៃការគ្រប់គ្រងបរិស្ថានសមុទ្រអាស៊ីបូព៌ា។មហាសន្និបាតសមុទ្រអាស៊ីបូព៌ាលើកទី៦ ត្រូវបានរៀបចំឡើងនៅប្រទេសហ្វីលីពីន។ ប្រទេសជាសមាជិកនៃអង្គការ PEMSEA មានចំនួន ១១ ក្នុងនោះរួមមាន ប្រ៊ុយណេ កម្ពុជា ថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ចិន កូរ៉េខាងត្បូង កូរ៉េខាងជើង ជប៉ុន ព្រមទាំងមានអង្គការដៃគូជាច្រើនទៀត។នេះគឺជាមោទកភាពសម្រាប់កម្ពុជាដែលបានធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតដ៏មានសារៈសំខាន់នេះ ដែលរៀបចំឡើងក្នុងគោលបំណងពិនិត្យលើផែនការការងារដែលបានសម្រេចអនុម័តកន្លងមក និងផែនការទិសដៅដែលត្រូវធ្វើជាបន្តបន្ទាប់ រួមទាំងការគិតគូរពីមូលនិធិដែលត្រូវយកមកអនុវត្តដើម្បីការពារនិងអភិរក្សសមុទ្រនៅតំបន់អាស៊ីបូព៌ា។ មុននឹងឈានដល់ការរៀបចំមហាសន្និបាតសមុទ្រឆ្នាំ២០២១ ដែលត្រូវរៀបចំនៅកម្ពុជាគឺជាលើកទី៧ ក្រោមប្រធានបទ «បង្កើតទសវត្សរ៍ថ្មីសម្រាប់សុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ច» មានព្រឹត្តិការណ៍អមជាច្រើនចាប់តាំងពីខែមករា មកដល់ខែ វិច្ឆិកា ឆ្នាំ២០២១ នេះរួមមានការប្រជុំពិភាក្សាតុមូល សិក្ខាសាលា និងប្រជុំក្រុមប្រឹក្សារបស់អង្គការ ដើម្បីពិនិត្យលើវឌ្ឍភាពនៃការងារនិងសមិទ្ធផលទាំងអស់ រួមទាំងការធានាសន្តិសុខស្បៀង ចំណូល និងជីវភាពនៃ មនុស្សដែលរស់នៅតំបន់ឆ្នេរ និងការស្តារឡើងវិញនូវធនធានធម្មជាតិនៅក្នុងសមុទ្រដូចជាផ្កាថ្មី ស្មៅសមុទ្រ និងព្រៃកោងកាង រួមនឹងការគ្រប់គ្រងលើការបំពុលទឹក ការប្រែប្រួលអាកាសធាតុ និងភាពធន់ទៅនឹងការប្រែប្រួលអាកាស និងការរស់នៅរបស់សហគមន៍។នៅក្របខណ្ឌនៃមហាសន្និបាតឆ្នាំ២០២១ នេះមានព្រឹត្តិការណ៍សំខាន់ចំនួន ៣ គឺទី១ សន្និសីទអន្តរជាតិ ដែលមានការចូលរួមពីវាគ្មិនល្បីៗពីការអភិវឌ្ឍ ការអភិរក្ស ការគ្រប់គ្រងសមុទ្រប្រកបដោយចីរភាព ការគ្រប់គ្រងសេដ្ឋកិច្ចខៀវ និងការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ។ ទី២) វេទិការដ្ឋមន្ត្រីទី៧ ផ្តោតលើសេចក្តីថ្លែងការណ៍នៃបណ្តាប្រទេសសមាជិកអង្គការទាំង ១១ ដែលផ្តោតលើការរៀបចំផែនទីនៃការអភិរក្ស និងអភិវឌ្ឍតំបន់សមុទ្រដែលគិតគូរពីសុខុមាលភាពមហាសមុទ្រ មនុស្ស និងសេដ្ឋកិច្ចពីឆ្នាំ២០២១ ដល់២០៣០ និងទី៣) ផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិនៃបណ្តាប្រទេសសមាជិក៕
ព័ត៌មានគួរចាប់អារម្មណ៍
សារលិខិតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនជនរួមជាតិ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០២១ ()
សម្តេចតេជោ ហ៊ុន សែន៖ ការបើកដំណើរការ ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក ត្រូវរង់ចាំពិនិត្យក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពង់ក្នុង ពិធីសំណេះសំណាល និងកច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២១ របស់ក្រុមការងារយុវជនគណបក្សខេត្តបាត់ដំបង ()
ឯកឧត្តម សុខ លូ សំណេះសំណាលជាមួយរដ្ឋបាលក្រុង ស្រុក ដើម្បីប្រគល់ថវិកាឧបត្ថម្ភរបស់រាជដ្ឋាភិបាលជូនដល់គ្រួសារសព ដែលទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ១៦៦ សព នៅក្នុងខេត្តបាត់ដំបង ()
អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យឡសម្ងួត និងឃ្លាំងស្តុកស្រូវរោងម៉ាស៊ីនកិនស្រូវ២កន្លែង ក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ()
វីដែអូ