រាជរដ្ឋាភិបាលកំណត់យកថ្ងៃទី២៥-២៦ ខែវិច្ឆិការៀបចំកិច្ចប្រជុំកំពូល (ASEM)
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13)។ នេះបើតាមលិខិត របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលបាននៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។
ក្រសួងការបរទេស បានបញ្ជាក់យ៉ាងដូច្នេះថា៖ «សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ (ASEM13)»។
លិខិតរបស់ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងជាប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប ថែមទាំងបានណែនាំដល់សមាជិក បន្តសកម្មភាពការងាររបស់ខ្លួន ដើម្បីឲ្យការរៀបចំកិច្ចប្រជុំនេះ ប្រព្រឹត្តបានរលូន និងជោគជ័យ។
ដើមឡើយ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាគ្រោងរៀបចំកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុបលើកទី១៣នេះ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានស្នើលើកពេលម្តងរួចទៅហើយ ដោយគ្រោងនឹងរៀបចំកិច្ចប្រជុំដ៏ធំនេះ មកពាក់កណ្ដាលឆ្នាំ២០២១ ហើយក៏មិនអាចរៀបចំបាន និងរហូតសម្រេចចុងក្រោយ នៅចុងខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ៕