ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
អ្នកលេង​កាំបិតផ្គាក់​៣​នាក់ ត្រូវបាន អាវុធហត្ថ​រាជធានី​ភ្នំពេញ បង្ក្រាប​បាន​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​!
Thu,31 August 2023 (Time 12:26 PM)
ដោយ ៖ NNC TV online (ចំនួនអ្នកអាន: 81នាក់)

កាលពី​វេលា​ម៉ោង​១៨:៣០​នាទី ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០២៣ កម្លាំង​ជំនាញ​មូលដ្ឋាន អាវុធហត្ថ​កំបូល បាន​ទទួល​បណ្ដឹង​ផ្ទាល់​មាត់​ពី​ជនរងគ្រោះ ថា​មាន​ករណី​ក្មេងស្ទាវ​មួយក្រុម​បាន​យក​កាំបិត​កាប់ និង​យក​ដុំថ្ម​គប់​មក​លើ​ជនរងគ្រោះ តែ​មិន​បណ្តាលឲ្យ​រងរបួស​នោះទេ រីឯ​ម៉ូតូ ០១​គ្រឿង​ម៉ាក​សង់​ស៊េរី​២០២២ ស្លាក​លេខ ភ្នំពេញ 1DG-1728 ខូចខាត​យ៉ាង​ដំណំ ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ផ្លូវលំ ភូមិ​លិច​វត្ត សង្កាត់​កំបូល ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ​។ ភ្លាមៗ​នោះ កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌ​កំបូល បាន​ធ្វើ​ការចុះ​អន្តរាគមន៍ ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​ទាំងនោះ​បាន​ចំនួន​០៣​នាក់ និង​ចាប់យក​វត្ថុតាង​កាំបិតផ្គាក់​ចំនួន​០១​ដើម​ផង​ដែរ​។ ជន​ទាំង​០៣​នាក់ រួមមាន ៖ ១/ ឈ្មោះ សន ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។​, ២/ ឈ្មោះ យុិន ពិសិដ្ឋ ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​។​, ៣/ ឈ្មោះ ឡុង សំណាង ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ​ជនសង្ស័យ​ទាំង​០៣​នាក់ បាន​សារភាព​ឲ្យដឹង​ដូចគ្នាថា នៅ​ថ្ងៃកើតហេតុ​ខាងលើ ពួកខ្លួន និង​បក្ខពួក​ឈ្មោះ អា​សេង អា​ណាក់ អាពៅ អា​សំណាង អាសិដ្ឋ និង​អ្នក​ផ្សេង​ទៀត​មិន​ចាំ​ឈ្មោះ ពិតជា​បាន​ប្រើ​អំពើហិង្សា​ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន ដោយសារ​កន្លងមក​ពួក​ខ្លួន​ធ្លាប់​មាន​ទំនាស់​ជាមួយ​ក្មេង​ស្ទាវ​មួយ​ក្រុម​ផ្សេង​ទៀត ហើយ​ស្មានតែ​ជនរងគ្រោះ​ជា​ភាគី​សត្រូវ​ដែល​មាន​ទំនាស់​ជាមួយ​ពួកខ្លួន ក៏​បាន​យក​កាំបិតផ្គាក់​កាប់ និង​ដុំថ្ម​គុប​ទៅលើ​ជនរងគ្រោះ តែដោយសារ​ជនរងគ្រោះ​រត់​គេច ពួក​ខ្លួន​ក៏​ធ្វើ​សកម្មភាព​កាប់បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​តែម្ដងទៅ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់ ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ចំណែកឯ​បក្ខពួក​ដែល​រត់គេចខ្លួន សមត្ថកិច្ច​ជំនាញ អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​៕a