ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះផ្សាយ​តាម​បណ្តា​ព័ត៌មាន​សង្គម អំពី​សកម្មភាព​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់​ខ្លួន​បុគ្គល​០១​រូប ហើយ​មាន​សម្លេង​និយាយថា «​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…» និង​អត្ថបទ​មួយទៀត​បាន​សរសេរថា «​អាង​ខ្លួន​មាន​ខ្សែ​»
Tue,08 August 2023 (Time 03:45 PM)
ដោយ ៖ NNC Tv Online (ចំនួនអ្នកអាន: 140នាក់)

ថ្ងៃទី​០៧ ខែ​សីហា ឆ្នាំ​២០២៣ ខ្ញុំបាទ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សូម​គោរព​អនុញ្ញាត​ធ្វើ​ការឆ្លើយតប​នឹង​ព័ត៌មាន​ដែល​បាន​ចុះ​ផ្សាយ​តាម​បណ្តា​ព័ត៌មាន​សង្គម​ដោយ​បង្ហាញ​អំពី​សកម្មភាព​កម្លាំង​ក​ង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុង​ធ្វើ​ការឃាត់ខ្លួន​បុគ្គល​០១​រូប ហើយ​មាន​សម្លេង​និយាយថា “​អត់​មាន​ខុស​អី​ហេតុអ្វី​បាន​ត្រូវ​ចាប់គាត់​…” និង​អត្ថបទ​មួយទៀត​បាន​សរសេរថា “​អាង​ខ្លួន​មាន​ខ្សែ ហើយ​បុរស​ម្នាក់ ជា​ប៉េអឹម​ខណ្ឌ​ទួលគោក​បាន​វាយ​ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​មាន​ជម្លោះ​ជាមួយ​ភាគី​ម្ខាង​ទៀត​ដែល​ស្រីៗ​ឈ្លោះ​គ្នា​ពាក្យសម្តី តែ​គាត់​បាន​មក​កាង​ឱ្យ​ភាគី​បង្កជម្លោះ​វាយ​គេ​ឡើង​សន្លប់​ហើយ​ព្រឹក​ឡើង​នាំ​កម្លាំង​មករក​ចាប់​គេ​ទៀត អយុត្តិធម៌​ណាស់ សូម​ឯកឧត្តម រ័ត្ន ស្រ៊ាង មេត្តា​ជួយ​រក​យុត្តិធម៌​អោយ​អ្នកក្រខ្សត់​ហើយ​ត្រូវបាន​គេ​បំពាន​ផង​”​។​

​ខ្ញុំបាទ​សូម​គោរព​ជម្រាប​ជូន​ថា តាម​របាយការណ៍​ជំហាន​ដំបូង​របស់​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ករណីនេះ កើតហេតុ​នៅ​ថ្ងៃទី​០៦ ខែ​សីហា ឆ្នាំ​២០២៣ វេលា​ម៉ោង​០០​និង​០២​នាទី​យប់ ចំណុច​លើ​ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ជនរងគ្រោះ​បាន​ទូរស័ព្ទ​ប្តឹង​តាម​ប្រព័ន្ធ​ប្រតិកម្ម​រហ័ស​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ “១២៩១”​។

​តាម​ដំណើររឿង ជនរងគ្រោះ​ឈ្មោះ ណុប ផល ភេទ​ស្រី អាយុ ៣៧​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​លេខ​១៣២ សង្កាត់​ទឹកល្អក់​១ ខណ្ឌ​ទួលគោក មាន​កូនខ្ចី​ទើប​អាយុ​២​ខែ ជនរងគ្រោះ​ឈ្មោះ ណុប ផល សម្រាក​មិនបាន ដោយសារ​ថ្លង់​ការចាក់​ធុង​ប៉ាស់​ផឹកស៊ី​របស់​អ្នកជិតខាង​មួយក្រុម ជនរងគ្រោះ​បាន​ដើរ​ទៅ​ប្រាប់​អ្នក​ជិតខាង​នោះ ហើយ​ទាស់សំដី​គ្នា ត្រូវ​អ្នកជិតខាង​នោះ​វាយ​គាត់​តែ​ម្តង​។​

​ក្រោយពី​ទទួលបាន​ពាក្យបណ្ដឹង កម្លាំង​កងរាជអាវុធហត្ថ​បាន​ចុះ​ទៅ​កន្លែងកើតហេតុ​ធ្វើការ​ស្រាវជ្រាវ​និង​អញ្ជើញ​បុគ្គល​ដែល​ពាក់ព័ន្ធ​ទៅ​អង្គភាព​កងរាជអាវុធហត្ថ ដើម្បី​ធ្វើ​ការសាកសួរ​តាម​នីតិវិធី ប៉ុន្តែ​បុគ្គល​ពាក់ព័ន្ធ​០១​រូបនោះ មិន​ព្រម​ទៅ​តាម​ការអញ្ជើញ​របស់​កម្លាំង​កងរាជអាវុធហត្ថ​នោះទេ​។​

​កងរាជអាវុធហត្ថ សូមបញ្ជាក់​ថា យើងខ្ញុំ​បំពេញ​តួនាទី ភារកិច្ច​ស្រប​នឹង​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត ក្រមសីលធម៌ វិជ្ជាជីវៈ ចំពោះ​ករណី​ខាងលើនេះ កងរាជអាវុធហត្ថ​នឹង​ធ្វើ​ការប្រកាស​ព័ត៌មាន​ជូនជ្រាប​បន្ថែមទៀត នៅពេល​ដែល​កសាង​សំណុំរឿង​តាម​នីតិវិធី​បានបញ្ចប់​។​

​អាស្រ័យ​ដូច​បាន​គោរព​ជម្រាប​ជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន និង​បុគ្គល​ពាក់ព័ន្ធ​មេត្តា​ជ្រាប​ជា​ព័ត៌មាន​។ សូម​គោរព​អរគុណ ៕