ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
ចាងហ្វាងការផ្សាយ ៖ លោក លាង គីម / ការិយាល័យនិពន្ធ ៖ 090 90 53 33
សម្តេច​តេជោ ហ៊ុន សែន បញ្ជាក់​ពី​ដំណើរ​ដើមចម នៃ​ការរៀបចំ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម​
Mon,07 October 2024 (Time 04:14 PM)
ដោយ ៖ NNC TV Online ដោយ លាង គីម / ទូរស័ព្ទទំនាក់ទំនង ​៖ ០១២ ៣៩ ១៩ ៤៥ (ចំនួនអ្នកអាន: 97នាក់)

នៅ​ព្រឹក​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០២៤​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធាន​ព្រឹទ្ធសភា​នៃ​កម្ពុជាបាន​បញ្ជាក់​ឱ្យដឹង​អំពី​ដើមចម ដែលនាំឱ្យ​មាន​ការ​រៀប​ចំ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាងមុខ ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន និង​សម្តេច ម៉ែន សំអន រួម​ទាំង​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត ដង្ហែ​ទៅ​ដោយ​ផ្ទាល់​។​

​សម្តេច​តេជោ​បញ្ជាក់ថា ការ​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន បាន​គិតគូរ​ជា​ច្រើន​ឆ្នាំ​មកហើយ តាំងពី​ឆ្នាំ​២០១២​មកម្ល៉េះ តែដោយសារ​គ្រួសារ​សម្តេច​មានទុក្ខ​ដោយសារ​ឪពុក​របស់​សម្តេច​បាន​ទទួលមរណភាព ក្នុង​ឆ្នាំ​២០១៣ និង​ម្តាយក្មេក​របស់​សម្តេច​ទ​ទួល​មរណភាព​ក្នុង​ឆ្នាំ​២០២០ ទើប​បណ្តាលឱ្យ​ផ្អាក​ធ្វើ​កឋិនទាន​។​

​សម្តេច​បញ្ជាក់ថា អង្គ​កឋិនទាន​ដង្ហែ​ទៅ​វត្ត​ខ្មែរក្រោម​នេះ ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃ​ទាំង​ពីរ​គណៈ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្សេង​ទៀត ហើយ​អង្គ​កឋិនទាន​នេះ ត្រូវបាន​ដាក់​ឈ្មោះ​អង្គ​កឋិនទាន​នេះ​ថា «​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» ដែល​បងប្អូន​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួមបាន​ទាំងអស់គ្នា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហោះ​ខ្លឹមសារ​ទាំងស្រុង​នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​ថា​៖

«​ភរិយា​ខ្ញុំ​បានគិត​ច្រើន​ឆ្នាំ​មកហើយ រឿង​ដង្ហែ​អង្គ​កឋិនទាន​ទៅ​វត្ត​ខ្មែរក្រោម បន្ទាប់​ពី​ដង្ហែ​ចូល​ច្រើន​វត្ត​នៅ​កម្ពុជា​។​

​ជា​អកុសល​ឪពុក​ខ្ញុំ​ទទួលមរណភាព នៅ​ឆ្នាំ​២០១៣ ដែល​គ្រួសារ​ខ្ញុំ​សម្រេច​ផ្អាក ការ​ធ្វើ​បុណ្យ​កឋិន​រយៈ​ពេល ៥​ឆ្នាំ​។ រឿង​ថ្មី​បាន​កើតឡើង គឺ​ម្តាយក្មេក​ខ្ញុំ​មាន​ជម្ងឺ និង​មរណភាព នៅ​ឆ្នាំ​២០២០ យើង​សម្រេច​ផ្អាក​ធ្វើ​កឋិនទាន​បន្តទៀត​។​

​ឆ្នាំ​នេះ​ភរិយា​ខ្ញុំ​បាន​លើក​រឿង​កឋិនទាន ទៅ​វត្ត​ខ្មែរក្រោម​ម្តងទៀត យើង​បាន​ឯកភាព​គ្នា​ទាំង​ឪពុកម្តាយ និង​កូន ដែល​ជា​នាយករដ្ឋមន្ត្រី​ស្រាប់ និង​ដោយ​ការខិតខំ​របស់​សម្តេច ម៉ែន សំអន យើង​បាន​ឈាន​ដល់​ការសម្រេច​ក្តី​សុបិន​ច្រើន​ឆ្នាំ ក្នុងការ​ដង្ហែ​អង្គ​កឋិន​មហា​សាមគ្គី​គ្រួសារ​ខ្មែរ​មួយ ទៅ​វត្ត​ខ្មែរក្រោម ដែល​នឹង​ហែ​ទៅដល់​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២៤ ខាង​មុខ​ដោយ​មាន​ភរិយា​ខ្ញុំ​រួម​ជាមួយ​សម្តេច ម៉ែន សំអន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ផ្សេងទៀត ដង្ហែ​ទៅ​ដោយ​ផ្ទាល់​។​

​សូមបញ្ជាក់​ថា អង្គ​កឋិនទាន​នេះ​ធ្វើឡើង​ដោយ​គណបក្ស​ប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័ន​ព្រះសង្ឃ​ទាំង​ពីរ​គណៈ និង​ស្ថាប័ន​ថ្នាក់​ជាតិ​ផ្សេង​ទៀត​។​

​ការរៀបចំ​ពិធី​ធ្វើ​នៅ​វិមាន​៧​មករា ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នា​ល្ងាច​ថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដែល​មាន​ខ្ញុំព្រះករុណា និង​ភរិយា ចូលរួម​ដោយ​ផ្ទាល់​។​

​ខ្មែរលើ ខ្មែរ​កណ្តាល ខ្មែរក្រោម ជា​ខ្មែរ​តែមួយ ទើប​យើង​ដាក់​ឈ្មោះ​អង្គ​កឋិនទាន​នេះ​ថា «​អង្គ​កឋិនទាន មហា​សាមគ្គី​គ្រួសារ​ខ្មែរ​» ដែល​បងប្អូន​ខ្មែរ​នៅ​គ្រប់​ទីកន្លែង គ្រប់​គណបក្ស​នយោបាយ គ្រប់​និន្នាការ​នយោបាយ អាច​ចូលរួមបាន​ទាំងអស់គ្នា​។​

​បងប្អូន​ប្រជាជន​គ្រប់​ស្រទាប់វណ្ណៈ សូម​អញ្ជើញ​ទៅ​លេង​បុណ្យ​កឋិនទាន​នេះ បាន​ដោយ​បំពេញបែបបទ​ឆ្លង​ប្រទេស ព្រោះ​ជា​កឋិន​ឆ្លង​ដែន​ប្រទេស​។ ចាប់​គិត​តាំងពី​ឆ្នាំ​២០១២ មក​សម្រេច​ឆ្នាំ​២០២៤ គឺ​ប្រើ​ពេល​១២​ឆ្នាំ ទើប​សម្រេចក្តី​សុបិន​មួយនេះ​»៕​